ខេត្តរតនគិរី ៖ បើទោះជាលោកនាយប៉ុស្តិ៍នគរបាលភូមិភិ លួងលោមក្មេងស្រីអាយុ១៣ឆ្នាំយកទៅរួមភេទបានសម្រេច ជាករណីខុសច្បាប់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ រហូតដល់ពេលនេះជនសង្ស័យនៅតែមានសេរីភាពជាធម្មតា ហាក់បីដូចមិនមានរឿងអីសោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០,០០នាទីយប់ លោក ទួន មេសា បានលួងលោមក្មេងស្រីម្នាក់ឈ្មោះ ម.ល អាយុ១៣ឆ្នាំ ទៅរួមភេទក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី បានសម្រេច។ លុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ការពារអនិតិជន និងយេនឌ័រ នៃស្នងការនគរបាលខេត្ត ប៉ុន្តែត្រូវក្មេងស្រីរូបនោះ មកសុំដកពាក្យបណ្ដឹងវិញចំនួនបីដង ទើបការិយាល័យជំនាញយល់ព្រម។
បើតាមសំដីក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នាងព្រមទៅសុំដកពាក្យនេះ បន្ទាប់ពីនាងបានព្រមព្រាងដោយស្ងាត់ៗ ជាមួយជនសង្ស័យឈ្មោះ ទួន មេសា ក្នុងទឹកប្រាក់ ៦លានរៀល ជាធ្នូនឹងការដកពាក្យបណ្ដឹងបញ្ចប់រឿង។
ពាក់ព័ន្ធករណីខាងលើនេះ លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីថា ក្នុងរឿងនេះ គេកំពុងអនុវត្តនិតិវិធីហើយ។ ដោយឡែកអ្នកស្រី កែវ ដាវី ស្នងការរង ផែនការងារ ប្រឆាំងការជួញ ការពារអនិតិជន និងយេនឌ័រ បានបញ្ជាក់ថា សំណុំរឿងនេះ អ្នកស្រីបានបញ្ជូនទៅតុលាការផុតពីដៃហើយ។ ក៏ប៉ុន្តែអ្នកស្រីបានបន្ថែមថា ជនណាដែលសេពសន្ទវៈជាមួយក្មេងស្រីអាយុក្រោម ១៥ឆ្នាំ ជននោះត្រូវផ្ដន់ទាទោស ជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំ ទៅ៧ឆ្នាំ បើទោះបីជាក្មេងស្រីនោះ ស្ម័គចិត្តយ៉ាងណាក៏ដោយ។
ជុំវិញករណីសំណុំរឿងខាងលើនេះ លោកលាង អ៊ូ តំណាងអយ្យការ បានចេញដីការបង្គាប់ឲ្យការិយាល័យនគបាលជំនាញ បញ្ជូនសំណុំរឿងមកតុលាការហើយ ក៏ប៉ុន្តែ លោកបានបញ្ជូនសំណុំរឿងនេះ ទៅលោកប្រធានព្រះរាជអាជ្ញា ហើយលោកប្រធាន ក៏បានបញ្ជូនឲ្យទៅលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង។ ចំណែកលោក រ៉ា បូរ៉ាន់ឌី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាមថា អយ្យការកំពុងចាត់ការតាមនិតិវិធីហើយ។
បើទោះជាយ៉ាងណា ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជំពូកទី៦ មាត្រា៤២ ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង១៥ឆ្នាំ (ដប់ប្រាំ)ឆ្នាំ ជាអនីតិជន ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៥ឆ្នាំ(ប្រាំ)ឆ្នាំ ដល់១០ឆ្នាំ(ដប់)ឆ្នាំ។
មជ្ឈដ្ឋានមហាជនទូទៅបានលើកឡើងថា ច្បាប់នេះគេអនុវត្តតែប្រជាជន ហើយមន្ត្រីរាជការគេមិនអនុវត្តទេ ឬយ៉ាងណា។ រឺក៏លោក ទួន មេសា ជាមន្ត្រីនគរបាល ហើយមានខ្សែ មានខ្នងក្រាស់ទេដឹងទើប រហូតដល់ពេលនេះគាត់នៅមានសេរីភាពនៅឡើយ បើសិនជាប្រជាជនវិញម្ល៉េះចូលក្នុង ពន្ធនាគារបាត់ហើយ៕
.jpg)