តាកែវ ៖ ជនរងគ្រោះឈ្មោះ ភឹម វី រស់នៅភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលទទួលរងនូវអំពើហិង្សាពីលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខនិង បក្ខពួក បានស្លាប់បាត់ហើយ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ នៅឡើយក្រុមជនបង្កកំពុងបន្តរស់នៅក្រៅសំណាញ់ច្បាប់ ។
លោកស្រី យឹម ជ្រឿន ភរិយានៃសព ថ្លែងប្រាប់ថា ប្តីលោកស្រីបានស្លាប់ហើយ ដោយសារតែទទួលរងនូវអំពើហិង្សាពីលោក គឹម សារិទ្ធ ខណៈមកទល់ពេលនេះ មិនទាន់ទទួលបានសំណងសូម្បីមួយរៀល ។ ភរិយានៃសព កំពុងរង់ចាំនូវយុត្តិធម៌ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ តែម្តង ។
លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្លែងប្រាប់នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ ថា លោកបានបញ្ជាអោយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវករណីនេះហើយ ។
ថ្មីៗនេះ លោក គឹម សារិទ្ធ បានបកស្រាយ ថា លោកមិនបានប្រើអំពើហិង្សាលើជនរងគ្រោះ នោះទេ ពោលគឺ នេះជាឧបទ្ទហេតុនៃទូកបុកគ្នា ។