ស្វាយរៀង ៖ បុរសម្នាក់ពេលមានជម្លោះជាមួយប្រពន្ធ បានគំរាមអារ.ក សម្លាប់ប្រពន្ធ ដោយប្រពន្ធភិតភ័យពេក ក៏រត់ទៅប្តឹងលោកមេភូមិ គ្រាន់តែលោកមេភូមិមកដល់ភ្លាម ជនសង្ស័យបានកាប់ទាំងលោកមេភូមិបណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯង ថែមទៀតផង ។
ហេតុការណ៍ នេះ កើតឡើងកាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ។
លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រុំ បានអោយដឹងថា ជនសង្ស័យ ឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ ទើបត្រឡប់មកពីភ្នំពេញ ។ ចំណែកលោកមេភូមិដែលរងគ្រោះឈ្មោះ សួស សារី អាយុ៧០ឆ្នាំ ត្រូវជនសង្ស័យ យកពូថៅកាប់ត្រូវ៦កន្លែង ។ សម្ភារៈខូចខាតរួមមាន ម៉ូតូហុងដាឌ្រីម ឆេះអស់ទាំងស្រុង និង សម្ភារៈផ្សេងៗមួយចំនួនទៀត។
លោកអធិការ បន្តថា មុនកើតហេតុជនសង្ស័យ បានធ្វើដំណើរមកពីភ្នំពេញមកលេងស្រុកកំណើត ក្នុងភូមិឃុំកើតហេតុខាងលើ ។ បន្ទាប់ពីមកដល់ផ្ទះ , ជនសង្ស័យបានរករឿងឈ្លោះជាមួយប្រពន្ធនិងបានគំរាមរក អារ.ក ធ្វើឱ្យប្រពន្ធភ័យក៏បានរត់ចេញផ្ទះដើម្បីទៅប្តឹងលោកមេភូមិត្របែកប្រហោង ។
ក្រោយមក លោកមេភូមិបានជិះម៉ូតូមកដល់ស្រាប់តែ ជនសង្ស័យបានយកពូថៅកាប់និងវាយត្រូវក្បាលនិងដងខ្លួនលោកមេភូមិបណ្ដាលឱ្យរងរបួសធ្ងន់ ហើយក៏បានយកដែកកេះ កេះដុតផ្ទះបង្កការភ្ញាក់ផ្អើល តែម្ដង។