ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស ឆក់ខ្សែ.ក ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ បញ្ជូនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នេះ ដើម្បីចាត់ការតាមច្បាប់ ។
ទន្ទឹមនេះ ទើបទទួលដំណឹង ថា មានអ្នកកំពុងចង់រត់ការដោះលែងជនសង្ស័យអោយមានសេរីភាព ឡើងវិញ ។
តាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា បទល្មើសលួចមានស្ថានទម្ងន់ទោស ឆក់ខ្សែ.ក នេះ កើតឡើងកាលពីវេលាម៉ោង១២៖៥០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចមុខផ្ទះជួលលេខ១៤០ ផ្លូវលេខ២៧១ហ្សិត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ជនសង្ស័យមានឈ្មោះ សាត សុវឌ្ឍនា ហៅឆ្មា ទើបត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ ក្នុងទឹកដីខេត្តកែប ។ ចំណែកជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។
ដំណើររឿង នេះ គឺ ជនរងគ្រោះឈ្មោះ ស៊ិន ដានី ភេទស្រី អាយុ២៣ឆ្នាំ ត្រូវបានជនសង្ស័យទាំង២នាក់ ធ្វើសកម្មភាពឆក់ខ្សែ.ក មួយខ្សែ ខណៈចុះពីលើ Pass App ហើយក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។
រយៈពេលជាច្រើនខែក្រោយមក ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបានម្នាក់ នៅខេត្តកែប តាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង បានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ស្រាប់តែលេចឮដំណឹងថា មានអ្នកកំពុងរត់ការដោះលែងជនសង្ស័យ តែម្តង ៕
.jpg)