កែប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសគាំទ្រចំណាត់ការរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តកែវ រុះរើរបងថ្មនិងទ្វារដែក បិទផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋ ។
កាលពីវេលាថ្ងៃត្រង់ ទី១៥ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកែប សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប និង កម្លាំងបញ្ជាការដ្ឋានអាវុធហត្ថខេត្តកែប ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះរុះរើរបងថ្មនិងទ្វារដែក ដែលបានសាងសង់គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់ ។
ទីតាំងនេះ ស្ថិតនៅតំបន់ស្រែអំបិល ហើយកំពុងមានទំនាស់ជាប់បណ្ដឹង ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ។
បើតាមលោកសោម ពិសិដ្ឋ អភិបាលខេត្តកែប បានអោយដឹងថា ការចុះរុះរើនេះ គឺ ដើម្បីរក្សាស្ថានភាពដើម និង បើកផ្លូវសាធារណៈជូនដល់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ វិញ ។
ជាមួយគ្នានេះ លោកអភិបាលខេត្តកែប សូមអំពាវនាវដល់សាធារណជនទូទៅ កុំប្រព្រឹត្តនិងយកគំរូតាមករណីការឆ្លៀតឱកាសបែបនេះ ដែលមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍សាធារណៈ ។
បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានចូល Comment ក្នុងការផុសរបស់លោកអភិបាលខេត្តកែប ថា «សូមកោតសរសើរចំណាត់ការរបស់អភិបាលខេត្តកែវ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន»។