ខេត្តរតនគិរី ៖ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី សុំឱ្យប្រជាពលរដ្ឋចេះការពារបរិស្ថាន ការពារដី ព្រៃឈើ ឲ្យបានល្អ ខិតខំធ្វើស្រែ ធ្វើចំការ បង្កបង្កើនផលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង។ នេះគឺជាគោលបំណងរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលបំណងរបស់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។
ប្រសាសន៍នេះ ឯកឧត្តមបានលើកឡើង គ្រាដែលឯកឧត្តម និងលោកជំទាវ ចុះសួរសុខទុក្ខ សំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួន ១០២គ្រួសារ រស់នៅជាប់ព្រំដែនកម្ពុជាវៀតណាម នៅភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតគិរី នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ងួន គឿន ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកអណ្ដូងមាស ព្រមទាំងកងកម្លាំងប្រដាប់អាវុធវីរៈការពារព្រំដែនទាំងពីរប្រភេទផងដែរ។
គ្រាចុះសួរសុខទុក្ខសំណេះសំណាលនោះផងដែរ ឯកឧត្តមតំណាងរាស្ត្រ ក៏បាននាំយកអំណោយមួយចំនួន ចែកជូនប្រជាពលរដ្ឋទាំង ១០២គ្រួសារ លោកគ្រូអ្នកគ្រូ ព្រមទាំងសម្ភារៈសិក្សា ចែកជូនសិស្សានុសិស្សចំនួន ៨២នាក់។ ក្នុងនោះ មួយគ្រួសារ បានសារុង១ ក្រម៉ា១ និងលុយ ៤ពាន់រៀល, លោកគ្រូអ្នកគ្រូ ៣នាក់ ក្នុងម្នាក់ៗ បាន ៨ម៉ឺនរៀល ចំណែកសិស្សានុសិស្ស ម្នាក់ៗ បានសៀវភៅ ២ក្បាល ប៊ិច២ និងប្រាក់ ២ពាន់រៀល នំប៉ោងចំនួន៥០០នំ ក្រុមរបាំជនជាតិដើមភាគតិច បានចំនួន ៥០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភ ចាន ១០០ ស្លាបព្រា១០០ និងខ្ទះត្នោតធំ១ សម្រាប់បម្រើការក្នុងភូមិ គ្រាមានកម្មវិធី ឬបុណ្យទានម្ដងម្កាលផងដែរ។